ការ​បង្ក្រាប​បាតុកម្ម​កម្មករ SL ជា​ការ​វាយ​ស្មៅ​បង្អើល​ពស់

កង​កម្លាំង​នគរ​បាល​រាជ​ធានី ប្រើ​កាំភ្លើង​ពិត បាញ់​ទៅ​លើ​បាតុករ នៅ​មុខ​វត្ត​ស្ទឹង​មាន​ជ័យ​។ រូបថត ផា លីណា
កើត​ពី​ប្រជា​ពលរដ្ឋ កូន​ប្រជា​ពលរដ្ឋ មាន​ប្រពន្ធ-មាន​កូន​ប្រជា​ពលរដ្ឋ វ៉ៃ​ប្រជា​ពលរដ្ឋ ទាត់​ធាក់​ប្រជា​ពលរដ្ឋ និង​បាញ់​ប្រជា​ពលរដ្ឋ បើ​សមត្ថកិច្ច​ដែល​ជា​ប៉ូលិស និង​ប៉េអឹម​ហ៊ាន​ធ្វើ​ម្លឹងៗ អ៊ីចឹង​ប្រពន្ធ ឪពុក​ម្តាយ​ក្មេក​របស់​សមត្ថកិច្ច​ដែល​ប្រើ​អំពើ​ហិង្សា​ទាំង​នោះ ក៏​មិន​រួច​ខ្លួន​ដែរ​ចាំ​តែ​ប្រុង​ខ្លួន​ទៅ។ ដូច​ពាក្យ​ចាស់​លោក​ថា លួច​គេ​ធ្លាប់​ដៃ ដេក​ថ្ងៃ​ធ្លាប់​ភ្នែក រីឯ​អ្នក​ទាត់​ធាក់​គេ​ក៏​ធ្លាប់​ជើង​ដៃ​ដែរ។
ជាក់ស្តែង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរជាតិ​កាលពី​សប្តាហ៍​មុន​សមត្ថកិច្ច​បាន​វាយ​បង្ក្រាប ទៅ​លើ​បាតុករ​ដែល​ជា​កម្មករ​រោងចក្រ SL មាន​ទាំង​វាយ​ដោយ​ដំបង ទាត់​ផង ធាក់ និង​បាញ់​ផង​ហើយ​ទាត់​ដោយ​ទាំង​ព្រះសង្ឃ​ទៀត​យ៉ាង​ចាស់​ដៃ។ តើ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នេះ គឺជា​មោទនភាព​ជាតិ​ខ្មែរ​? ឬ​មួយ​ជា​កំណែ​ទម្រង់​ថ្មី សកម្មភាព​ចាស់? ហើយ​ក៏​ជា​ការ​បង្ហាញ​សាច់​ដុំ កំញើញ​ដាក់​គណបក្ស​ប្រឆាំង ដែល​គ្រោង​ដឹក​នាំ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ទៀត?