អ្វីទៅជាការសម្រាលកូនក្នុងទឹក?
ការសម្រាលកូនក្នុងទឹកគឺជាដំណើរផ្ដល់កំណើតកូនពេលម្ដាយស្ថិតនៅក្នុង អាងទឹកក្ដៅឧណ្ហៗ ប្រមាណជា៣៧អង្សាសេ។ យោងតាមសមាគមស្ត្រីមានផ្ទៃពោះអាមេរិក ស្ត្រីខ្លះជ្រើសយកការដេកត្រាំទឹករហូតឈឺពោះដល់ពេលសម្រាលកូន។ រីឯខ្លះទៀតបន្តត្រាំក្នុងទឹករហូតដល់កូននោះប្រសូតចេញពីទ្វារមាសតែម្ដង។
ហេតុអ្វីបានជាមានជម្រើសសម្រាលកូនក្នុងទឹកបែបនេះ?
តាមទ្រឹស្ដីនៃការសម្រាលកូនក្នុងទឹក វាជាវិធីមួយដែលផ្ដល់បរិស្ថានដល់ទារកស្រដៀងនឹងការដែលទារកស្ថិតនៅក្នុងស្រោមនៃស្បូនដែរ។ វិធីនេះត្រូវបានអ្នកខ្លះជឿថា ផ្ដល់បរិយាកាសទន់ភ្លន់ដល់ទារក និងកាត់បន្ថយស្ត្រេសចំពោះស្ត្រីជាមាតា។
តើការសម្រាលកូនក្នុងទឹកត្រូវមានវត្តមានអ្នកណាខ្លះ?
នៅបណ្ដា ប្រទេសមួយចំនួន ការសម្រាលកូនក្នុងអាងទឹកអាចធ្វើនៅផ្ទះ ឬក៏មន្ទីរពេទ្យដោយចាំបាច់មានវត្តមានឆ្មបជំនាញនៅក្បែរជានិច្ច។
អ្វីជាអត្ថប្រយោជន៍នៃការសម្រាលកូនក្នុងអាងទឹក?
យោងតាមការស្រាវជ្រាវមួយចំនួន ការត្រាំខ្លួនក្នុងទឹកក្ដៅ ធ្វើឲ្យស្ត្រីកំពុងឈឺពោះហៀបនឹងសម្រាលអាចបន្ធូរអារម្មណ៍ និងបង្កើនកម្លាំងកំហែងដើម្បីត្រៀមប្រឹងបញ្ចេញកូនមកក្រៅ។ មតិមួយចំនួនបានអះអាងថា ទឹកអាចសម្រួលដល់ការធ្វើចលនាបណ្ដែតខ្លួនរបស់ស្ត្រី និងងាយឲ្យស្ត្រីផ្លាស់ប្ដូរឥរិយាបថក្នុងការប្រឹងឲ្យទារកចេញមកក្រៅ កាត់បន្ថយការឈឺចាប់ និងរហែកនៃមាត់ស្បូនជាដើម។
យ៉ាងណាមិញ ប្រធានបទពីការបង្កើតកូនក្នុងអាងទឹកនេះមិនទាន់ត្រូវបានអ្នកជំនាញ សិក្សាស្រាវជ្រាវឲ្យបានពេញលេញនៅឡើយ ខណៈដែលវិធីសាស្ត្របង្កើតកូននេះក៏មានមិនច្រើនករណីដែរ ពោលគឺចន្លោះឆ្នាំ១៩៨៥ ដល់១៩៩៩ ក្នុងពិភពលោកមានទារក១៥ម៉ឺននាក់ប៉ុណ្ណោះបានកើតតាមរយៈវិធី សម្រាលក្នុងអាងទឹក។
តើមាតា និងទារកប្រឈមបញ្ហាអ្វីខ្លះពេលឆ្លងទន្លេក្នុងអាងទឹក?
អំឡុង ពេល៣០ឆ្នាំនេះ ថ្វីត្បិតតែការសម្រាលកូនក្នុងអាងទឹកហាក់មានប្រជាប្រិយភាពជាង មុន ប៉ុន្តែមិនទាន់មានការស្រាវជ្រាវណាមួយផ្ដោតលើគ្រោះថ្នាក់នៃ វិធីសាស្ត្រឆ្លងទន្លេបែបនេះទេ។ ការស្រាវជ្រាវរបស់អឺរ៉ុបបានរកឃើញថា ការសម្រាលកូនក្នុងទឹកប្រឈមនឹងអត្រាគ្រោះថ្នាក់ដូចគ្នាទៅនឹងការសម្រាលកូនលើគ្រែដែរ។
យោងតាមការសិក្សាមហាវិទ្យាល័យ សម្ភព និងរោគស្ត្រីរ៉ូយ៉ាល់ ខលីជរបស់អង់គ្លេស ពេលសម្រាលកូនក្នុងទឹក ស្ត្រីជាមាតាអាចប្រឈមនឹងគ្រោះថ្នាក់ប្រសិនបើទឹកចូលក្នុងសរសៃ ឈាម។ រីឯការសិក្សារបស់អង់គ្លេសមួយទៀតបានបង្ហាញថា ការសម្រាលកូនក្នុងទឹកអាចប្រឈមនឹងគ្រោះថ្នាក់តិចតួចដែរក្នុងករណី ដែលទារកហាមាត់ដកដង្ហើមឈ្លក់ទឹកពេលចេញពីផ្ទៃ។ យ៉ាងណាមិញ អ្នកជំនាញបានអះអាងថា ទារកនឹងមិនទាន់ដកដង្ហើមដោយឯកឯងទេ ដរាបណាទងសុកមិនទាន់ត្រូវបានកាត់ផ្ដាច់នោះ។
ក្នុងករណីណាដែលស្ត្រីមិនគួរជ្រើសរើសឆ្លងទន្លេក្នុងអាងទឹក?
ស្ត្រីដែលមានមេរោគនៅទ្វារមាស អាចធ្វើឲ្យមានការឆ្លងលឿនពីម្ដាយទៅកូនតាមរយៈទឹក។
ក្នុងករណី ដែលទារកមិនដាំក្បាលចុះក្រោមមករកមាត់ស្បូន ស្ត្រីពិបាកនឹងសម្រាលកូនក្នុងទឹកទាំងទារកកើតចេញជើងមកមុនណាស់។
ប្រសិនបើស្ត្រីមានបញ្ហាកំណកឈាម ឈាមមិនងាយកក ឬជំងឺឆ្លងនានា។
ស្ត្រីពពោះទារកភ្លោះមិនត្រូវបានណែនាំឲ្យសម្រាលក្នុងទឹកឡើយ។
ទារកកើតមុនកាលកំណត់ ក៏មិនគួរជ្រើសរើសវិធីសម្រាលក្នុងទឹកដែរ។
ប្រសិន បើទឹកភ្លោះមានពណ៌ខៀវ ដែលជាសញ្ញាថាទារកក្នុងផ្ទៃបញ្ចេញលាមកលើកដំបូងលាយឡំនឹងទឹកភ្លោះនោះ ស្ត្រីគួរកុំឆ្លងទន្លេក្នុងអាងទឹក។
ស្ត្រីមានសម្ពាធឈាម ខ្ពស់ និងមានជាតិស្ករក្នុងឈាមច្រើនពេលកំពុងពពោះ គួរពិភាក្សាជាមួយអ្នកជំនាញសម្ភពមុននឹងជ្រើសរើសយកវិធីនេះ។
តើសីតុណ្ហភាពនៃទឹកប៉ះពាល់ដល់ម្ដាយ និងទារកបែបណា?
ប្រសិនបើ ទឹកក្ដៅពេក វាអាចបង្កទៅអាការខ្សោះទឹកដល់មាតា និងបង្កគ្រោះថ្នាក់ខ្ពស់ដល់ទារក។ អាងទឹកសម្រាប់សម្រាលកូនមានលក្ខណពិសេសខុសពីអាងទឹកទូទៅ ដោយវាមានការកំណត់សីតុណ្ហភាពត្រឹមត្រូវ។
តើស្ត្រីត្រូវត្រៀមអ្វីខ្លះប្រសិនបើចង់សម្រាលកូនក្នុងអាងទឹក?
មិនខុសគ្នា ពីការសម្រាលកូនលើគ្រែទូទៅទេ ស្ត្រីត្រូវធ្វើការពិនិត្យផ្ទៃពោះ និងឈាម ហើយធ្វើការទាក់ទងឆ្មបជំនាញជាមុន។ យ៉ាងណាមិញ នៅទូទាំងពិភពលោក មានមន្ទីរពេទ្យសម្ភពមិនច្រើនទេដែលផ្ដល់សេវាសម្រាលកូនក្នុងអាងទឹកនេះ៕