សហភាព​អឺរ៉ុប​ពិនិត្យ​មើល​អំពី​ការ​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ​នៅ​កម្ពុជា

បន្ទាប់​ពី​ក្រុមហ៊ុន កូកាកូឡា (Coca Cola) បាន​ប្រកាស​កាល​ពី​ដើម​ខែ​វិច្ឆិកា ថា​នឹង​បញ្ឈប់​ការ​បញ្ចា​ទិញ​ស្ករស​ពី​ប្រទេស​ណា​មួយ ដែល​រក​ឃើញ​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ពី​គម្រោង​អភិវឌ្ឍន៍​ដំណាំ​អំពៅ​ផលិត​ស្ករស​នោះ អង្គការ​សង្គម​ស៊ីវិល​នានា​បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​ប្រកាស​នេះ ថា​អាច​ជួយ​កាត់​បន្ថយ​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។


ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon
ស្រប​ពេល​ជា​មួយ​គ្នា​នេះ សហភាព​អឺរ៉ុប ដែល​ជា​អ្នក​បញ្ចា​ទិញ​ស្ករស​ច្រើន​ពី​ប្រទេស​កម្ពុជា ក៏​កំពុង​ស៊ើប​អង្កេត​ដែរ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​នៅ​ប្រទេស​កម្ពុជា។
អង្គការ​សង្គម​ស៊ីវិល​នានា បាន​រក​ឃើញ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ការ​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ​នៅ​ប្រទេស​កម្ពុជា មាន​ការ​កេង​ប្រវ័ញ្ច​ពលកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​អ្នក​បញ្ចា​ទិញ​ស្ករស​ពី​សហគមន៍​អន្តរជាតិ បញ្ឈប់​ការ​បញ្ជា​ទិញ​ស្ករស​ពី​ប្រទេស​កម្ពុជា។